លោក ពេជ្រ ស្រស់ ៖ បើកម្ពុជាអនុវត្តន៍ការផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិ មានអំណាចឯករាជ្យ បានជោគជ័យនោះ គឺកម្ពុជានឹងរីកចម្រើនលឿន

បន្ទាប់ពីរាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និងទស្សនៈវិស័យរយៈពេលវែង ចំពោះកំណែទម្រង់ វិមជ្ឈការ លោក ពេជ្រ ស្រស់ ថា បើកម្ពុជាអនុវត្តន៍ការផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិមានអំណាចឯករាជ្យបានជោគជ័យនោះ គឺកម្ពុជានឹងរីកចម្រើនលឿនមួយកម្រិតទៀត។

មេបក្សយុវជនកម្ពុជា បានលើកឡើងតាមទំព័រហ្វេសបុកនៅយប់ថ្ងៃទី១៧ ខែធ្នូ នេះថា បើកម្ពុជាអនុវត្តន៍ការផ្ទេរអំណាចទៅឲ្យថ្នាក់ក្រោមជាតិមានអំណាចឯករាជ្យបានជោគជ័យនោះ គឺកម្ពុជានឹងរីកចម្រើនលឿនមួយកម្រិតទៀត
ប៉ុន្តែបើថ្នាក់ក្រោមជាតិមិនចេះប្រើនូវអំណាចរបស់ខ្លួន ឬ ប្រើអំណាចក្នុងផ្លូវទុច្ចរិត ឬប្រព្រឹត្តអំពើពុករលួយ គឺកម្ពុជា​រឹតតែហិនហោច ហើយបងប្អូនប្រជាពលរដ្ឋនឹងរងគ្រោះកាន់តែច្រើនថែមទៀតផង ។

ប្រមុខបក្សរូបនេះបន្ថែមថា ដូច្នេះបុគ្គលរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវតែជាបុគ្គលប្រកបដោយចំណេះដឹង បេះដូងជាតិនិយមនឹងឈរនៅខាងប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ដោយមិនផ្អៀងទៅខាងនាយទុនឬសហកាណ៍ជាមួយឈ្មួញ
មកធ្វើបាបពលរដ្ឋខ្លួនឯងនោះឡើយម្យ៉ាងវិញទៀតត្រូវចេះរៀបចំគម្រោងអភិវឌ្ឃន៍នៅក្នុងមូលដ្ឋាន និងអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព ទើបការផ្ទេរអំណាចពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិទទួលផ្លែផ្កាបានល្អ។

សូមរំលឹកផងដែរថា សម្តេចស ខេង បានអោយដឹងថា សមិទ្ធផលធំៗក្រោយអនុវត្តកម្មវិធីជាតិរយៈពេល៩ឆ្នាំ ពាក់ព័ន្ធកំណែទម្រង់វិស័យរដ្ឋបាល រូមមាន ប្រព័ន្ធគ្រប់គ្រងនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានដាក់ឲ្យអនុវត្ត និងកែលម្អជាបណ្ដើរៗផងដែរ ដែលក្នុងនោះរួមមាន ប្រព័ន្ធកសាងផែនការប្រព័ន្ធផ្ទេរមូលនិធិ និងគ្រប់គ្រងហិរញ្ញវត្ថុ, ប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស, ប្រព័ន្ធទំនាក់ទំនងអន្ដររដ្ឋបាល, ប្រព័ន្ធត្រួតពិនិត្យនីត្យានុកូលភាព, ប្រព័ន្ធគាំទ្របច្ចេកទេស និងប្រព័ន្ធសម្រុះសម្រួលវិវាទនៅមូលដ្ឋានជាដើម។

ពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៖ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការរៀបចំបង្កើតប្រព័ន្ធ គ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានរៀបចំ និងដាក់ឲ្យអនុវត្តរួមមាន អនុក្រឹត្យធ្វើប្រតិភូកម្មអំណាចទៅឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងបុគ្គលបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ, គោលនយោបាយស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ព្រះរាជក្រឹត្យ ស្ដីពីលក្ខន្ដិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងសេចក្ដីណែនាំស្ដីពីគោលការណ៍ និងនីតិវិធី នៃការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទដែលជាប់ទាក់ទង